យ៉ូហាន 16:18-24 KCB

18 ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​

19 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​

20 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​

21 ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​

22 ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​

23 ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ទៀត​ហើយ។​ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នក​រាល់គ្នា។​

24 រហូត​មក​ដល់​ពេល​នេះ​អ្នក​រាល់គ្នា​មិន​ដែល​បាន​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ!​ ចូរ​សូម​ចុះ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ ហើយ​អំណរ​របស់​អ្នក​រាល់គ្នា​នឹង​បាន​ពេញ​បរិបូរ។​