យ៉ូហាន 16:20-26 KCB

20 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​

21 ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​

22 ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​

23 ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ទៀត​ហើយ។​ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នក​រាល់គ្នា។​

24 រហូត​មក​ដល់​ពេល​នេះ​អ្នក​រាល់គ្នា​មិន​ដែល​បាន​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ!​ ចូរ​សូម​ចុះ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ ហើយ​អំណរ​របស់​អ្នក​រាល់គ្នា​នឹង​បាន​ពេញ​បរិបូរ។​

25 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​

26 ហើយ​នៅ​ថ្ងៃនោះ​អ្នក​រាល់គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នក​រាល់គ្នា​ទេ​