យ៉ូហាន 17:20-26 KCB

20 ខ្ញុំ​មិន​សុំ​សម្រាប់​តែ​អ្នក​ទាំងនេះ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ខ្ញុំ​ដោយសារ​ពាក្យ​របស់​ពួកគេ​ដែរ​

21 ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​

22 សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រលប់​ជា​តែ​មួយ​ដូច​យើង​ជា​តែ​មួយ​ដែរ​

23 គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ​ ហើយ​ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ៍​រហូត​ត្រលប់​ជា​តែ​មួយ​ ដូច្នេះ​លោកិយ​នេះ​អាច​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។​

24 ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​

25 ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ!​ លោកិយ​មិន​ស្គាល់​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ រីឯ​អ្នក​ទាំងនេះ​ក៏​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ ឲ្យ​មក​ដែរ​

26 ដ្បិត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​ សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​មាន​នៅ​ក្នុង​ពួកគេ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ពួកគេ​ដែរ»។​