23 ព្រះយេស៊ូឆ្លើយទៅអ្នកនោះថា៖ «បើខ្ញុំនិយាយអាក្រក់មែន ចូរធ្វើបន្ទាល់អំពីសេចក្ដីអាក្រក់នោះចុះ ប៉ុន្ដែបើល្អវិញ តើហេតុអ្វីបានជាអ្នកវាយខ្ញុំ?»
24 ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។
25 ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។
26 មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?»
27 លោកពេត្រុសបានបដិសេធម្ដងទៀត ហើយមាន់ក៏រងាវឡើងភ្លាម។
28 បន្ទាប់មក នៅព្រលឹមស្រាងៗ ពួកគេក៏នាំព្រះយេស៊ូចេញពីផ្ទះលោកកៃផាទៅបន្ទាយទ័ព ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងបន្ទាយទ័ពទេ ក្រែងលោធ្វើឲ្យពួកគេមិនបរិសុទ្ធ ហើយមិនអាចបរិភោគនៅថ្ងៃបុណ្យរំលងបាន។
29 ដូច្នេះលោកពីឡាត់ក៏ចេញមកខាងក្រៅសួរពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះពីរឿងអ្វី?»