យ៉ូហាន 5:1-7 KCB

1 បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​ ព្រោះ​មាន​ពិធី​បុណ្យ​មួយ​របស់​ជនជាតិ​យូដា។​

2 នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​

3 មាន​មនុស្ស​ជាច្រើន​បាន​ដេក​នៅ​ក្នុង​សាលា​សំណាក់​ទាំង​នោះ​ មាន​ទាំង​មនុស្ស​ឈឺ​ មនុស្ស​ខ្វាក់​ មនុស្ស​ខ្វិន​ និង​មនុស្ស​ស្វិត​ដៃ​ជើង​(គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក​

4 ដ្បិត​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​ យូរៗ​ម្ដង​បាន​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ​ ពេល​កូរ​ទឹក​រួច​ហើយ​ អ្នកណា​ចុះ​បាន​មុន​គេ​ អ្នក​នោះ​នឹង​ជា​ស្អាត​ ទោះបី​អ្នក​នោះ​ឈឺ​អ្វី​ក៏​ដោយ)។​

5 នៅ​ទី​នោះ​មាន​បុរស​ម្នាក់​មាន​ជំងឺ​សាម​សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ​

6 ពេល​ព្រះយេស៊ូ​ឃើញ​គាត់​កំពុង​ដេក​នៅ​ទី​នោះ​ ទាំង​ដឹង​ថា​ គាត់​នៅ​បែប​នេះ​យូរ​ហើយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ជា​ដែរ​ឬ​ទេ?»​

7 អ្នក​ជំងឺ​នោះ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ ពេល​ទឹក​កម្រើក​គ្មាន​អ្នកណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ​ ហើយ​ពេលណា​ខ្ញុំ​កំពុង​ចុះ​ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​