12 ពួកគេក៏សួរគាត់ថា៖ «តើអ្នកដែលប្រាប់អ្នកថា ចូរយកកន្ទេល ហើយទៅចុះនោះជានរណា?»
13 ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។
14 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត»
15 បុរសនោះក៏ចេញទៅប្រាប់ពួកជនជាតិយូដាថា អ្នកដែលបានប្រោសគាត់ឲ្យជា គឺព្រះយេស៊ូ។
16 ហេតុនេះហើយ ពួកជនជាតិយូដាបានបៀតបៀនព្រះយេស៊ូ ដោយសារតែព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះវរបិតារបស់ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំក៏ធ្វើការដែរ»។
18 ហេតុនេះហើយ ពួកជនជាតិយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើង ព្រោះព្រះអង្គមិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេ ថែមទាំងហៅព្រះជាម្ចាស់ថាជាព្រះវរបិតារបស់ព្រះអង្គទៀត គឺព្រះអង្គលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។