យ៉ូហាន 5:24-30 KCB

24 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ មិន​ជាប់​សេចក្ដី​ជំនុំជម្រះ​ទេ​ គឺ​ត្រូវ​បាន​ចម្លង​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ឯ​ជីវិត​វិញ។​

25 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​នឹង​មាន​ជីវិត។​

26 ​ព្រះ​វរ​បិតា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​ណា​ នោះ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះរាជ​បុត្រា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​នោះ​ដែរ​

27 ហើយ​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ ព្រោះ​ព្រះរាជ​បុត្រា​ជា​កូន​មនុស្ស​

28 ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ​ ដ្បិត​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពួក​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះរាជ​បុត្រា​

29 ហើយ​ចេញ​មក​ ​អស់​អ្នក​ប្រព្រឹត្ត​ល្អ​នឹង​រស់​ឡើង​វិញ​ដើម្បី​មាន​ជីវិត​ រីឯ​អស់​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹង​រស់​ឡើង​វិញ​ដើម្បី​ទទួល​ការ​ជំនុំជម្រះ​

30 ដូច្នេះខ្ញុំ​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ ខ្ញុំ​ជំនុំជម្រះ​តាម​តែ​ខ្ញុំ​ឮ​ ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ។​