11 ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?»
12 នោះក៏កើតមានការខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្តាជនអំពីព្រះអង្គ មានអ្នកខ្លះថា៖ «គាត់ជាមនុស្សល្អ» ប៉ុន្ដែខ្លះទៀតថា «ទេ គឺគាត់កំពុងបោកបញ្ឆោតបណ្តាជន»។
13 ទោះយ៉ាងណាក្ដី ក៏គ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហដែរ ព្រោះខ្លាចពួកជនជាតិយូដា។
14 ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ
15 ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»
16 ព្រះយេស៊ូក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំមិនបង្រៀនអំពីសេចក្ដីបង្រៀនរបស់ខ្ញុំទេ ប៉ុន្ដែជាសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
17 បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។