14 ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ
15 ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»
16 ព្រះយេស៊ូក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំមិនបង្រៀនអំពីសេចក្ដីបង្រៀនរបស់ខ្ញុំទេ ប៉ុន្ដែជាសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
17 បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។
18 អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។
19 តើលោកម៉ូសេមិនបានប្រគល់គម្ពីរវិន័យឲ្យអ្នករាល់គ្នាទេឬ? ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រពឹ្រត្តតាមក្រឹត្យវិន័យនោះឡើយ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ?»
20 បណ្តាជនក៏ឆ្លើយថា៖ «អ្នកត្រូវអារក្សចូលហើយ! តើអ្នកណារកសម្លាប់អ្នក?»