15 អ្នករាល់គ្នាវិនិច្ឆ័យតាមបែបសាច់ឈាម ឯខ្ញុំមិនវិនិច្ឆ័យអ្នកណាម្នាក់ឡើយ
16 ផ្ទុយទៅវិញ ទោះបីខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំពិតដែរ ព្រោះខ្ញុំមិនបាននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក។
17 សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត
18 ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។
19 ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។
20 ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
21 ព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំត្រូវចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែអ្នករាល់គ្នានឹងស្លាប់នៅក្នុងបាបរបស់ខ្លួន។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។