យ៉ូហាន 8:24-30 KCB

24 ដូច្នេះ​ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន​ ព្រោះ​បើ​អ្នក​រាល់គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​ព្រះ ​អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​

25 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​នរណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​តាំងពី​ដំបូង​ហើយ​ថា​ខ្ញុំ​ជា​នរណា​

26 ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ត្រូវ​និយាយ​ ហើយ​ត្រូវ​ដាក់​ទោស​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​ខ្ញុំ​ប្រាប់​មនុស្ស​លោក​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ»។​

27 ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​

28 ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់គ្នា​លើក​កូន​មនុស្ស​ឡើង​ នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ជា​ខ្ញុំ​នេះ​ហើយ​ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​តាម​តែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ។​

29 ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ​ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ឡើយ​ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​សព្វ​ព្រះ​ឫទ័យ​ព្រះអង្គ»។​

30 ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ។​