30 ពេលព្រះអង្គកំពុងមានបន្ទូលអំពីសេចក្ដីទាំងនេះ មនុស្សជាច្រើនបានជឿលើព្រះអង្គ។
31 ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
32 ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
33 ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «យើងជាកូនចៅរបស់លោកអ័ប្រាហាំ ហើយយើងមិនដែលធ្វើជាបាវបម្រើរបស់អ្នកណាទេ ម្តេចក៏អ្នកនិយាយថា អ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»
34 ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលប្រព្រឹត្តបាប អ្នកនោះជាបាវបម្រើរបស់បាប
35 ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេ ឯកូនប្រុសនឹងនៅជាប់អស់កល្បជានិច្ច។
36 ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមុខជាមានសេរីភាពពិតប្រាកដ