យ៉ូហាន 9:19-25 KCB

19 សួរ​ថា៖​ «តើ​អ្នក​នេះ​ជា​កូន​ប្រុស​របស់​ពួកអ្នក​ ដែល​ពួកអ្នក​បាន​ប្រាប់​ថា​ ខ្វាក់​ភ្នែក​ពី​កំណើត​ឬ​ ចុះ​ឥឡូវ​នេះ​ ដូចម្ដេច​បាន​ជា​គាត់​មើល​ឃើញ?»​

20 ឪពុក​ម្តាយ​របស់​គាត់​ឆ្លើយ​ថា៖​ «យើង​ព្រម​ទទួល​ថា​ នេះ​ជា​កូន​ប្រុស​របស់​យើង​ ហើយ​វា​ពិត​ជា​ខ្វាក់​ពី​កំណើត​មែន!​

21 ប៉ុន្ដែ​យើង​មិន​ដឹង​ថា​ ឥឡូវ​នេះ​ វា​មើល​ឃើញ​បាន​យ៉ាង​ដូចម្ដេច​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វា​ភ្លឺ​ដែរ ​វា​ដឹង​ក្ដី​ហើយ​ សូម​សួរ​វា​ចុះ​ វា​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន»។​

22 ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​

23 ហេតុនេះ​បាន​ជា​ឪពុក​ម្តាយ​របស់​គាត់​និយាយ​ថា​ វា​ដឹងក្ដី​ហើយ​ សូម​សួរ​វា​ចុះ។​

24 ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​

25 គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​