21 ប៉ុន្ដែយើងមិនដឹងថា ឥឡូវនេះ វាមើលឃើញបានយ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថា នរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរ វាដឹងក្ដីហើយ សូមសួរវាចុះ វាអាចឆ្លើយដោយខ្លួនឯងបាន»។
22 ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។
23 ហេតុនេះបានជាឪពុកម្តាយរបស់គាត់និយាយថា វាដឹងក្ដីហើយ សូមសួរវាចុះ។
24 ដូច្នេះ ពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរ ប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះ ដ្បិតយើងដឹងថា អ្នកនោះជាមនុស្សបាប»
25 គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ»
26 ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?»
27 គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?»