30 បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
31 យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់មនុស្សបាបទេ ប៉ុន្ដែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ ហើយធ្វើតាមបំណងរបស់ព្រះអង្គ ទើបព្រះអង្គស្តាប់អ្នកនោះ
32 តាំងពីដើមមកមិនដែលឮថា មានអ្នកណាម្នាក់ធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ពីកំណើតភ្លឺឡើយ
33 ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេ គាត់ពុំអាចធ្វើអ្វីបានឡើយ»
34 ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។
35 កាលព្រះយេស៊ូឮថា ពួកគេបណ្តេញគាត់ចេញ នោះពេលព្រះអង្គជួបគាត់ ព្រះអង្គក៏មានបន្ទូលសួរថា៖ «តើអ្នកជឿលើកូនមនុស្សដែរឬទេ?»
36 គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?»