15 ហេតុនេះហើយ នៅពេលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់ចំពោះពួកបរិសុទ្ធទាំងអស់
16 ខ្ញុំមិនបានឈប់អរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
17 ដើម្បីសូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង គឺព្រះវរបិតានៃសិរីរុងរឿងប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសំដែងឲ្យស្គាល់ព្រះអង្គ
18 ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធមានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា
19 ហើយអំណាចរបស់ព្រះអង្គមានភាពអស្ចារ្យលើសលប់ជាយ៉ាងណាសម្រាប់យើងជាអ្នកជឿដែលស្របតាមអានុភាពនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
20 អំណាចនេះព្រះជាម្ចាស់បានធ្វើការនៅក្នុងព្រះគ្រិស្ដ ដោយបានប្រោសព្រះគ្រិស្ដឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅឯស្ថានសួគ៌
21 ខ្ពស់លើអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច អំណាច អំណាចគ្រប់គ្រង និងអស់ទាំងឈ្មោះដែលហៅ មិនត្រឹមតែនៅជំនាន់នេះប៉ុណ្ណោះទេ គឺនៅជំនាន់ដែលនឹងមកដល់ទៀតផង