អេភេសូ 2:12-18 KCB

12 ពេល​នោះ​ អ្នក​រាល់គ្នា​គ្មាន​ព្រះគ្រិស្ដ​ទេ​ ហើយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ជនជាតិ​អ៊ីស្រាអែល​ឡើយ​ ក៏​ជា​អ្នក​ក្រៅ​ខាង​ឯ​កិច្ច​ព្រមព្រៀង​នៃ​សេចក្ដី​សន្យា​ គ្មាន​សង្ឃឹម​ និង​គ្មាន​ព្រះជាម្ចាស់​នៅ​ក្នុង​លោកិយ​នេះ​ផង​

13 ប៉ុន្ដែ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ អ្នក​រាល់គ្នា​ដែល​ពី​មុន​នៅ​ឆ្ងាយ​ ឥឡូវ​នេះ​ត្រូវ​បាន​នាំ​មក​ជិត​វិញ​ ដោយសារ​ឈាម​របស់​ព្រះគ្រិស្ដ។​

14 ដ្បិត​ព្រះអង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទាំង​ពីរ​រួម​មក​តែ​មួយ​ ហើយ​បំផ្លាញ​ជញ្ជាំង​ដែល​ខណ្ឌ​ផ្ដាច់​ និង​ភាព​ជា​សត្រូវ​ ដោយ​រូបកាយ​របស់​ព្រះអង្គ​

15 គឺ​ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ដិ​ និង​សេចក្ដី​បង្គាប់​ទាំងឡាយ​ចោល​ ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​នៅ​ក្នុង​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​

16 ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​ផ្សះផ្សា​ទាំង​ពីរ​ជាមួយ​ព្រះជាម្ចាស់​នៅ​ក្នុង​រូបកាយ​តែ​មួយ​តាមរយៈ​ឈើ​ឆ្កាង​ ដោយ​បាន​លុប​បំបាត់​ភាព​ជា​សត្រូវ​ចោល​ តាមរយៈ​ឈើ​ឆ្កាង។​

17 ពេល​ព្រះអង្គ​យាង​មក​ ព្រះអង្គ​បាន​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​ ជា​អ្នក​ឆ្ងាយ​ និង​ដល់​អស់​អ្នក​ជា​អ្នក​ជិត​ដែរ​

18 ព្រោះ​តាមរយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍​ឯ​ព្រះវរបិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។​