១ ពេត្រុស 2:1-7 KCB

1 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​

2 ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ

3 ដ្បិត​អ្នក​រាល់គ្នា​បាន​ភ្លក់​ហើយ​ថា​ ព្រះអម្ចាស់​ល្អ។​

4 ចូល​មក​ឯ​ព្រះអង្គ​ គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្ស​បោះបង់​ចោល​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ ព្រោះ​មាន​តម្លៃ។​

5 អ្នក​រាល់គ្នា​ក៏​ដូច​ជា​ថ្ម​ដ៏​រស់​ដែរ​ កំពុង​តែ​បាន​សង់​ឡើង​ឲ្យ​ទៅ​ជា​ដំណាក់​ខាង​វិញ្ញាណ​ និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​

6 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ​ថា៖​ «មើល៍​ យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ជា​ថ្ម​នៅ​តាម​ជ្រុង​ដ៏​មាន​តម្លៃ​ដែល​បាន​ជ្រើស​រើស​ ហើយ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិនត្រូវ​ខកចិត្ដ​ឡើយ»។​

7 ដូច្នេះ​ ថ្ម​នេះ​មាន​តម្លៃ​សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ ប៉ុន្ដែ​សម្រាប់​អ្នក​មិន​ជឿ​វិញ​ ថ្ម​នេះ​ជា​ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​