1 បងប្អូនអើយ! ចំពោះការយាងមករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងការដែលយើងត្រូវជួបជុំគ្នានៅចំពោះមុខរបស់ព្រះអង្គនោះ យើងអង្វរអ្នករាល់គ្នាថា
2 កុំប្រញាប់ជ្រួលច្របល់ ឬស្លន់ស្លោឡើយ ទោះបីដោយសារវិញ្ញាណណា ពាក្យសំដីណា ឬសំបុត្រណាដែលទំនងជាមកពីយើងក្ដីដែលថា ថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។
3 កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន
4 វាគឺជាអ្នកប្រឆាំង ហើយលើកតម្កើងខ្លួនខ្ពស់ជាងអ្វីៗដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំផង ដូច្នេះហើយបានជាវាអង្គុយក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ ហើយតាំងខ្លួនជាព្រះទៀតផង។