1 ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ
2 ជូនចំពោះធីម៉ូថេជាកូនជាទីស្រឡាញ់។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
3 ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ
4 គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។
5 ខ្ញុំនឹកចាំពីជំនឿដ៏ឥតពុតត្បុតដែលមាននៅក្នុងអ្នក ដែលមុនដំបូងជំនឿនោះស្ថិតនៅក្នុងឡូអ៊ីសជាជីដូនរបស់អ្នក បន្ទាប់មកនៅក្នុងអ៊ើនីសជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា ជំនឿនោះក៏នៅក្នុងអ្នកដែរ។
6 ហេតុនេះហើយខ្ញុំរំឮកអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំឲ្យមានសកម្មភាពឡើងវិញ។
7 ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។