3 ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ
4 គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។
5 ខ្ញុំនឹកចាំពីជំនឿដ៏ឥតពុតត្បុតដែលមាននៅក្នុងអ្នក ដែលមុនដំបូងជំនឿនោះស្ថិតនៅក្នុងឡូអ៊ីសជាជីដូនរបស់អ្នក បន្ទាប់មកនៅក្នុងអ៊ើនីសជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា ជំនឿនោះក៏នៅក្នុងអ្នកដែរ។
6 ហេតុនេះហើយខ្ញុំរំឮកអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំឲ្យមានសកម្មភាពឡើងវិញ។
7 ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។
8 ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់
9 ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ