1 នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។
2 បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។
3 ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។
4 កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។
5 បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្ដាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។
6 នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។
7 នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។