នាង​រស់ 1:11-17 KHSV

11 តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ? ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀប‌ការ​ជា​មួយ​នាង​ហើយ។

12 ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ

13 តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។

14 ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។

15 នាង​ណាអូមី​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន‌ជាតិ​របស់​នាង និង​ទៅ​បម្រើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។

16 ប៉ុន្តែ នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។

17 អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។