13 តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។
14 ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្ដាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្ដាយក្មេក។
15 នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។
16 ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។
17 អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។
18 ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។
19 ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។