17 អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។
18 ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។
19 ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។
20 នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។
21 ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ ព្រះអម្ចាស់បានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី” ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។
22 បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់ សាសន៍ម៉ូអាប់ ជាកូនប្រសាមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូត។