នាង​រស់ 1:7-13 KHSV

7 នាង​ណាអូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។

8 ពេល​នោះ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។

9 សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណាអូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។

10 កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។

11 តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ? ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀប‌ការ​ជា​មួយ​នាង​ហើយ។

12 ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ

13 តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។