8 ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្ដាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។
9 សូមព្រះអម្ចាស់ប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។
10 កូនប្រសាទាំងពីរពោលទៅម្ដាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្ដាយ ជាមួយជនជាតិរបស់អ្នកម្ដាយដែរ»។
11 តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្ដាយ? ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។
12 ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ
13 តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។
14 ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្ដាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្ដាយក្មេក។