នាង​រស់ 2:16-22 KHSV

16 ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។

17 នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។

18 នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។

19 ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា? សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។

20 នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជា‌និច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។

21 នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។

22 នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។