18 នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញឲ្យម្ដាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។
19 ម្ដាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា? សូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្ដាយក្មេកថា នាងទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។
20 នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
21 នាងរស់ ជាសាសន៍ម៉ូអាប់ ពោលថា៖ «គាត់បានប្រាប់កូនឲ្យនៅរើសស្រូវជាមួយអ្នកបម្រើរបស់គាត់ រហូតទាល់តែផុតរដូវចម្រូត»។
22 នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។
23 នាងរស់នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូស រហូតទាល់តែផុតរដូវចម្រូត។ នាងរស់ រស់នៅជាមួយម្ដាយក្មេកតទៅទៀត។