3 នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។
4 ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោកដែរ!»។
5 បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។
6 បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។
7 នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹមរហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់ប៉ុណ្ណោះ»។
8 ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ!
9 ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អម ដែលពួកអ្នកបម្រើរបស់ខ្ញុំដងទុកនោះទៅ!»។