នាង​រស់ 3:12-18 KHSV

12 ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។

13 យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។

14 នាង​រស់​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។

15 លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។

16 ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រស់​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។

17 នាង​បញ្ជាក់​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មួយ​តៅ​មក​កូន ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។

18 នាង​ណាអូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។