នាង​រស់ 3:3-9 KHSV

3 ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។

4 ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។

5 នាង​រស់​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។

6 នាង​រស់​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។

7 លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទំរេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រស់​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។

8 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។

9 លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។