7 លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសម្រាន្ដលក់នៅជិតគំនរកណ្ដាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។
8 នៅពាក់កណ្ដាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។
9 លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាអ្នកបម្រើរបស់លោកម្ចាស់។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។
10 លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្ដី មកធ្វើជាប្ដីទេ។
11 ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។
12 ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ ជាសាច់ញាតិនឹងនាង ជិតជាងខ្ញុំទៅទៀត។
13 យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែក ខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យា ដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។