1 លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។
2 លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។
3 លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។
4 ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។