នាង​រស់ 4:10-16 KHSV

10 ខ្ញុំ​ក៏​សូម​យក​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​កេរ‌មត៌ក​របស់​គាត់​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជ‌ពង្ស​ឲ្យ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​ឲ្យ​នៅ​គង់‌វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។

11 ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នៅ​ភូមិ​អេប្រាតា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេ‌ហិម។

12 សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក បាន​ដូច​គ្រួសារ​របស់​លោក​ពេរេស ជា​កូន​របស់​លោក​យូដា និង​នាង​តាម៉ារ​ដែរ!»។

13 លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។

14 ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេ‌ហិម​ពោល​ទៅ​កាន់​នាង​ណាអូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែ‌រក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល

15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ‌ពីរ​នាក់​ទៅ​ទៀត»។

16 នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។