នាង​រស់ 4:2-8 KHSV

2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។

3 លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់‌ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណាអូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលី‌ម៉ាឡេក។

4 ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជម្រាប​បង ហើយ​សូម​ឲ្យ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង‌ប្អូន​ឯ​ទៀតៗ ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។

5 លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណាអូមី បង​ក៏​ត្រូវ​យក​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​ឲ្យ​ដី​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​បង‌ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។

6 បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។

7 កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រា‌អែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ​សម្បត្តិ ឬ​ផ្ទេរ​កម្មសិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។

8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។