9 លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។
10 ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។
11 ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
12 សូមព្រះអម្ចាស់ប្រទានឲ្យលោក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារលោក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។
13 លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។
14 ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែរក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រាអែល
15 ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។