យ៉ូណាស 1:7-13 KHSV

7 ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។

8 ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។

9 លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។

10 លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ?

11 តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។

12 លោក​យ៉ូណាស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ​បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។

13 ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។