យ៉ូណាស 4:8-11 KHSV

8 លុះ​ដល់​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កម្ដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​ឲ្យ​លោក​ល្វើយ​កម្លាំង លោក​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។

9 ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ លោក​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «សូម​គិត​មើល៍! អ្នក​អាណិត​រុក្ខ‌ជាតិ​ដែល​អ្នក​មិន​បាន​ហត់‌នឿយ​ដាំ​វា​ទាល់​តែ​សោះ។ វា​ដុះ​ឡើង​តែ​មួយ​យប់ រួច​វិនាស​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

11 រីឯ​យើង​វិញ តើ​មិន​ឲ្យ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជា‌ជន​ជាង​ដប់‌ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។