1 ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។
2 ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។
3 ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរ ជាស្ដេចក្រុងអេក្លូនថា៖
4 «សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។