14 តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
15 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
16 ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។
17 មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។
18 លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។
19 រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។
20 លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។