យ៉ូស្វេ 10:18-24 KHSV

18 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។

19 រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

20 លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ូរី​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។

21 បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ជំរំ ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេ‌ដា។ ចាប់​ពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ឡើយ។

22 បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

23 គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

24 កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ​ហើយ លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។