យ៉ូស្វេ 10:21-27 KHSV

21 បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ជំរំ ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេ‌ដា។ ចាប់​ពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ឡើយ។

22 បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

23 គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

24 កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ​ហើយ លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។

25 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។

26 លោក​យ៉ូស្វេ​ប្រហារ​ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។

27 ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។