យ៉ូស្វេ 10:33-39 KHSV

33 ពេល​នោះ ព្រះ‌បាទ​ហោរ៉ាម ជា​ស្ដេច​ក្រុង​កេស៊ើរ បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជា‌ជន​របស់​ស្ដេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

34 បន្ទាប់​មក​ទៀត លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

36 លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។

37 គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច ព្រម​ទាំង​មនុស្ស‌ម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។

38 លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។

39 លោក​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្ដេច ព្រម​ទាំង​ដណ្ដើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីប‌ណា ព្រម​ទាំង​ស្ដេច​របស់​គេ​ដែរ។