យ៉ូស្វេ 10:8-14 KHSV

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។

9 លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សម្រុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។

10 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។

11 ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់ ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ទៀត។

12 នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖«ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀមនៅ​លើ​ក្រុង​គីបៀន​ទៅ!ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀមនៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ា‌ឡូន​ទៅ»។

13 ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀមហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែររហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វាយ​ឈ្នះខ្មាំង​សត្រូវ​របស់​ខ្លួន។ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។

14 តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះ‌អម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។