យ៉ូស្វេ 11:12-18 KHSV

12 លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។

13 ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក‌លែង​តែ​ក្រុង​ហាសោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។

14 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ ទុក​ជា​ជយ‌ភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

15 ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស្វេ​ធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេស‌ប្រហែស​ត្រង់​ណា​ឡើយ។

16 លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប​ទាំង​មូល ស្រុក​កូសែន​ទាំង​មូល តំបន់​វាល​ទំនាប តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។

17 លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន។

18 លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។