13 ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។
14 ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជយភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
15 ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស្វេយ៉ាងនោះដែរ ហើយលោកយ៉ូស្វេធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
16 លោកយ៉ូស្វេយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។
17 លោកវាយឈ្នះ និងប្រហារជីវិតស្ដេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើរម៉ូន។
18 លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្ដេចទាំងនោះអស់រយៈពេលយ៉ាងយូរ។
19 គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។