4 ស្ដេចទាំងនោះបានលើករេហ៍៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចំបាំងយ៉ាងច្រើនអនេកដែរ។
5 ស្ដេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។
7 លោកយ៉ូស្វេ និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។
8 ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
9 លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។
10 ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរជារាជធានីនៃអាណាចក្រទាំងនោះ។