13 រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។
14 ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។
15 លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
16 បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។
17 ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
18 ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។
19 អ្នកដឹកនាំទាំងអស់បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។