16 បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។
17 ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
18 ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។
19 អ្នកដឹកនាំទាំងអស់បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
20 យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ នឹងនាំឲ្យខ្លួនយើងមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។
21 អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
22 លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ!